តើសង្កប្បកោសល្យគឺជាអ្វី?
លោកសាស្រ្តាចារ្យប៊្លូមបានបែងចែកវិជ្ជាសម្បទាជា៦ថ្នាក់ គឺវិជ្ជាសម្បទាថ្នាក់ចាំ យល់ អនុវត្ត វិភាគ វាយតម្លៃ និងវិជ្ជាសម្បទាថ្នាក់បង្កើតថ្មី ក្នុងគោលបំណងឱ្យអ្នកអប់រំ និងគ្រូងាយស្រួលក្នុងការសរសេរលទ្ធផលសិក្សារំពឹងទុកនៅកម្រិតកម្មវិធីសិក្សា មុខវិជ្ជា និងមេរៀននីមួយៗ សម្រាប់ការបង្រៀនផង និងសម្រាប់ការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សផង។ បំណងធំបំផុតនៃសកម្មភាពរៀន និងបង្រៀនទាំងនេះគឺដើម្បីអភិវឌ្ឍ ‘សមត្ថភាពត្រិះរិះពិចារណា’ ឬ ‘សង្កប្បកោសល្យ’ របស់សិស្ស ដោយការប្រើប្រាស់លេខ អក្សរ និងមុខវិជ្ជាពាក់ព័ន្ធតាមភូមិសិក្សា ឬកម្មវិធីសិក្សានានា។ សង្កប្បកោសល្យគឺជាសមត្ថភាពចាំបាច់សម្រាប់ពលរដ្ឋធ្វើការសម្រេចចិត្តលើរឿង ដែលពាក់ព័ន្ធនឹងជីវិត និងសម្រាប់សកម្មភាពជាក់ស្តែង ដែលសកម្មភាពនោះអាចនាំឱ្យចម្រុងចម្រើន ឬមិននាំឱ្យចម្រុងចម្រើនដល់ជីវិតរបស់ពួកគាត់ និងរបស់អ្នកដទៃ ដែលប្រាស្រ័យទាក់ទងជាមួយពួកគាត់។
ជារៀងរាល់ថ្ងៃ យើងត្រូវធ្វើការសម្រេចចិត្តរាប់សិបលើក។ ការសម្រេចចិត្តជាច្រើនមានលក្ខណៈសាមញ្ញ ដែលយើងមិនចាំបាច់យកចិត្តទុកដាក់។
- នៅពេលហូបអាហារពេលព្រឹក តើខ្ញុំត្រូវផឹកកាហ្វេ ឬផឹកទឹកក្រូច?
- នៅពេលទិញទូរសព្ទ តើខ្ញុំគួរទិញអាយហ្វូន ឬទិញសាំស៊ុង?
- នៅក្នុងការជ្រើសរើសសាលារៀន តើខ្ញុំត្រូវបញ្ជូនកូនទៅរៀននៅសាលាបឋមសិក្សាទឹកល្អក់ ឬសាលាបឋមសិក្សាសន្ធរម៉ុក?
ក្នុងករណីខ្លះ ការសម្រេចចិត្តមិនងាយស្រួលដូច្នេះទេ។
- តើខ្ញុំត្រូវឈប់រៀន ហើយរកការងារធ្វើ ឬត្រូវរៀនបន្ត?
- តើខ្ញុំត្រូវសម្រេចចិត្តរៀនមុខវិជ្ជាវិទ្យាសាស្ត្រ ឬមុខវិជ្ជាសង្គម?
- តើខ្ញុំនឹងចាប់យកជំនាញអ្វីសម្រាប់រៀននៅមហាវិទ្យាល័យ?
ពេលខ្លះ យើងទទួលបានព័ត៌មានលើសលប់ពីអ្នកពាក់ព័ន្ធ ជាពិសេសការផ្សាយពាណិជ្ជកម្មលក់សេវា ឬលក់ផលិតផល ដែលតែងតែទាក់ទាញចិត្ត។ ដោយសារព័ត៌មានដែលយើងទទួលបានមានច្រើនហួសហេតុ វាអាចធ្វើឱ្យយើងមិនអាចសម្រេចចិត្តបានត្រឹមត្រូវនោះទេ ប្រសិនបើយើងពុំមានសង្កប្បកោសល្យ ដែលជាសមត្ថភាពបានមកពីការត្រិះរិះពិចារណាប្រកបដោយវិត្ថារភាព និងគម្ភីរភាព ស្របតាមច្បាប់ហេតុ និងផល។ នៅពេលយើងមានមូលដ្ឋានពិចារណារឹងមាំ យើងអាចធ្វើការសម្រេចចិត្តបានល្អត្រឹមត្រូវជាង។ ការសម្រេចចិត្តត្រឹមត្រូវ ជាការសម្រេចចិត្តដែលធ្វើឱ្យយើងបានទទួលផលប្រយោជន៍ពីការធ្វើសកម្មភាពតាមការសម្រេចចិត្តនោះ។ ការសម្រេចចិត្តកាន់តែត្រឹមត្រូវទៅទៀត នៅពេលដែលការសម្រេចចិត្តនោះធ្វើឱ្យទាំងយើង ទាំងភាគីពាក់ព័ន្ធក៏ទទួលផលប្រយោជន៍ ពីការធ្វើសកម្មភាពតាមការសម្រេចចិត្តនោះទាំងអស់គ្នា។ ការសម្រេចចិត្តមិនត្រឹមត្រូវនាំឱ្យខាតប្រយោជន៍ខ្លួនឯងផង និងប្រយោជន៍អ្នកដទៃផង។ ការសម្រេចចិត្តទាំងឡាយណា ដែលបានប្រយោជន៍មកតែអ្នកដែលធ្វើការសម្រេចចិត្តនោះ តែបែរជាខាតប្រយោជន៍ភាគីពាក់ព័ន្ធ ជាការសម្រេចចិត្តបែបអាត្មានិយម និងខ្វះសីលធម៌ ដែលផ្ទុយពីស្មារតីរួមនៃគោលបំណងនៃក្របខណ្ឌកម្មវិធីសិក្សា ដែលលើកកម្ពស់អ្នកសិក្សាឱ្យមានចិត្តមេត្តា និងករុណាទាំងក្នុងការសិក្សា និងការរស់នៅ។
សង្កប្បកោសល្យគឺជាសមត្ថភាពនៃការគិតរកហេតុផលដែលសមរម្យជាងគេ ឬរកពហុជម្រើស ដោយមានការពន្យល់ហេតុផលដែលអាចទទួលយកបាន ឬមានប្រយោជន៍ជាងគេ ចំពោះអំណះអំណាង ទស្សនៈ វិធី ផលិតផល ទង្វើ និងព្រឹត្តិការណ៍ដែលបានកើតឡើង។
មនុស្សម្នាក់ៗមានទេពកោសល្យរៀងៗខ្លួន និងមានកម្រិតប្រាជ្ញាប្រហាក់ប្រហែលគ្នាពីកំណើត។ អ្វីដែលធ្វើឱ្យមនុស្សម្នាក់មានបញ្ញាច្រើនជាងមនុស្សម្នាក់ទៀតគឺ អាស្រ័យលើសមត្ថភាពនៃការគិតរបស់បុគ្គលនោះ ដែលបានតាមរយៈការអប់រំ។ ដូចបានរៀបរាប់ខាងដើមរួចមកហើយថា ការគិតគឺជាលំហាត់ប្រាណសាច់ដុំខួរក្បាលគ្រប់ផ្នែក ដូចរាងកាយដែរ។ មនុស្សម្នាក់ៗត្រូវការហូប ការដេក និងការហាត់ប្រាណឱ្យបានគ្រប់គ្រាន់ ដើម្បីធានាឱ្យមានសុខភាពរាងកាយមាំមួន។ ការហូប ការដេកគ្រប់គ្រាន់ និងការហាត់ប្រាណទៀងទាត់ជួយធ្វើឱ្យខួរក្បាលមានសុខភាពមាំមួន ដូចផ្នែកដទៃទៀតនៃរាងកាយដែរ។ ប៉ុន្តែ ខួរក្បាលត្រូវការអាហារពិសេសមួយមុខទៀតគឺព័ត៌មាន ដែលត្រូវបញ្ចូលតាមរយៈបញ្ចប្រសាទ ជាពិសេស តាមរយៈការអាន និងស្តាប់។ ពលរដ្ឋអាមេរិកអានសៀវភៅជាមធ្យមចំនួន១២ក្បាលក្នុងមួយឆ្នាំ។ គ្រួសារដែលមានប្រាក់ចំណូលទាបអានប្រហែល ៩ក្បាល និងគ្រួសារដែលមានប្រាក់ចំណូលខ្ពស់អានប្រហែល១៦ក្បាល ក្រៅពីសៀវភៅដែលជាវិជ្ជាជីវៈរបស់ខ្លួន។
ទោះបីជាយ៉ាងនេះក៏ដោយ អ្នកអានដែលគ្រាន់តែអាន ដោយខ្វះការពិចារណា និងសន្និដ្ឋានអំពីអ្វីៗដែលខ្លួនអានក៏មិនទទួលបានផលប្រយោជន៍ច្រើនពីការអាននោះដែរ។ ដូច្នេះអ្នកអានត្រូវស្គាល់សៀវភៅដែលខ្លួនត្រូវអាន ចេះរបៀបអាន និងត្រូវតែចេះវិភាគព័ត៌មានដែលខ្លួនអានផងដែរ។ ការអាន និងការស្តាប់ដោយការវិភាគតាមវិធាន ដែលបានរៀបរាប់ក្នុងសៀវភៅនេះនឹងជួយបង្កើនសង្កប្បកោស្យរបស់ខ្លួនមិនខាន ។
ការអភិវឌ្ឍសង្កប្បកោសល្យទាមទារឱ្យមានការព្យាយាម និងអត់ធ្មត់ តាមគ្រប់រូបភាព គ្រប់មុខវិជ្ជា និងគ្រប់កម្រិតនៃការអប់រំ។ បើអ្នកគ្រាន់តែនឹកចង់ក្លាយខ្លួនជាអ្នកពូកែគិត ប៉ុន្តែ ខ្លួនបែរជាមិនដែលបានរៀនគិតសោះនោះ អ្នកមិនអាចក្លាយជាអ្នកពូកែគិតបានទេ បើទោះបីជាអ្នកចាំទ្រឹស្តីច្រើន និងចាំយ៉ាងស្ទាត់ជំនាញយ៉ាងណាក៏ដោយ។ ផលនៃការគិតគឺបញ្ញា ដូចជាសុខភាពល្អគ្មានជំងឺតម្កាត់ជាផលនៃការហាត់ប្រាណ និងការហូបយ៉ាងត្រឹមត្រូវដូច្នេះដែរ។ ការអភិវឌ្ឍសង្កប្បកោសល្យត្រូវធ្វើមួយជីវិតចាប់តាំងពីថ្នាក់កុមារដ្ឋាន រហូតដល់អស់ជីវិត។ ការបង្រៀន ឬការរៀនដោយប្រើប្រាស់គោលការណ៍មួយចំនួន ក្នុងសៀវភៅនេះនឹងជួយឱ្យសិស្សមានមូលដ្ឋានពិចារណា សម្រាប់អភិវឌ្ឍសង្កប្បកោសល្យទាំងអ្នកនៅជីវិតជាសិស្ស និងទាំងជីវិតជាអ្នកធ្វើការ មិនថាធ្វើការរកស៊ីខ្លួនឯង ឬធ្វើការទទួលប្រាក់ខែនោះទេ។
# | ||
---|---|---|
1 | 0 | 0 |
∑ | |
---|---|
0 | 0 |
: | : |
ម៉ោង | នាទី | វិនាទី |