ឯកសារពិគ្រោះ
ពាក្យ
ពាក្យដែលប្រើប្រាស់នៅក្នុងគេហទំព័រ យើងខ្ញុំត្រូវបានដកស្រង់ចេញពីសៀវភៅភាសាខ្មែររបស់ក្រសួងអប់រំ យុវជន និងកីឡា និងបន្ថែមពាក្យខ្លះទៀតដែលបានផ្ទៀងផ្ទាត់ជាមួយវចនានុក្រមខ្មែររបស់សម្ដេចសង្ឃរាជជួនណាត និងវចនានុក្រមអក្ខរាវិរុទ្ធនៃភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា។
អំណានពាក្យ
យើងប្រើវចនានុក្រមខ្មែរបស់សម្ដេចសង្ឃ និងវចនានុក្រមអក្ខរាវិរុទ្ធនៃភាសាខ្មែររបស់វិទ្យាស្ថានភាសាជាតិបោះពុម្ពឆ្នាំ២០១៧ ជាឯកសារយោងសម្រាប់សរសេរអំណានពាក្យ។ ឯកសារយោងទាំងពីរនេះមានបញ្ហាសង្គតិភាព។ ខាងក្រោមនេះជាឧទាហរណ៍មួយចំនួន។ យើងយកអំណានពាក្យតាមវចនានុក្រមជាគោលមិនបញ្ជាក់ថា យើងបដិសេធអំណានពាក្យនៅទីកន្លែងផ្សេងនោះទេ។
ពាក្យ | អំណានពាក្យ | |
វចនានុក្រមខ្មែររបស់សម្ដេចសង្ឃ | វចនានុក្រមអក្ខរាវិរុទ្ធនៃភាសាខ្មែរ | |
បវេសនកាល | ប៉ៈ-វ៉េ-សៈ-ន៉ៈ-កាល | ប៉ាក់-វ៉េស-សៈ-ណៈ-កាល |
សន្យា | សន់-យ៉ា | សន់-ណ្យា |
បច្ចេកទេស | ប៉័ច-ចេ-កៈ-ទេស | ប៉ាច់-ចែក-កៈ-ទេស |
វិញ្ញាបនបត្រ | វិញ-ញា-ប៉ៈ-ន៉ៈ-បាត់ | វិញ-ញា-ប៉ៈ-ណាក់-បាត់ |
មាតាបិតា | មា-ដា-បិ-ដា | មា-ដា-បី-ដា |
គោរព | គោ-រប់ | គោ-រ៉ុប |
បញ្ហា | ប៉័ញ-ហា/ប័ញ-ហា | ប៉ាញ់-ញៈ-ហា |
ព្រឹក្សា | ព្រឹក-សា | ប្រឹក-សា |
វស្សា | វ័ស-សា | វ-សា |
ផលា | ផៈ-ល៉ា | ផល់-ឡា |
ទេសភាព | ទេ-សៈ-ភាប | ទេស-សៈ-ភាប |
រមណីយ | រៈ-មៈ-នី-យៈ | រំ-មៈ-នី-យាក់ |
យានដ្ឋាន | យា-ន័ត-ឋាន | យាន-ណាត់-ឋាន |
សៀវភៅភាសាខ្មែរថ្នាក់ទី២ និងទី៣ ក៏មានអំណានពាក្យដែរ។ សៀវភៅភាសាខ្មែរថ្នាក់ទី២ និងទី៣ ក៏មានអំណានពាក្យខុសពីវចនានុក្រមដោយអន្លើដែរ។ ក្នុងករណីនេះ យើងយកវចនានុក្រមជាគោល។
ពាក្យ | អំណានពាក្យ | |
សៀវភៅភាសាខ្មែរ | វចនានុក្រមអក្ខរាវិរុទ្ធនៃភាសាខ្មែរ | |
តម្បាញ | ដំ-បាញ (ថ្នាក់ទី២ ទំព័រ១១៣) | តំ-បាញ |
បរមរាជវាំង | ប-រ៉ុម-រាច-វាំង (ថ្នាក់ទី២ ទំព័រ១២៣) | ប-រ៉ុម-ម៉ៈ-រាជ-ជៈ-វាំង |
សារមន្ទីរ | សា-រៈ-មន់-ទី (ថ្នាក់ទី២ ទំព័រ១២៣) | សា-រ៉ាក់-មន់-ទី |
បទបញ្ជា | បត់-បញ់-ជា (ថ្នាក់ទី៣ ទំព័រ៨) | បត់-បាញ់-ជា |
ខេមរា | ខេ-ម៉ៈ-រ៉ា (ថ្នាក់ទី៣ ទំព័រ១៨) | ខែម-ម៉ាក់-រ៉ា |
មណ្ឌល | មន់-ឌុល (ថ្នាក់ទី៣ ទំព័រ២៥) | មន់-ឌល់ |
សុភមង្គល | សុ-ភៈ-មង់-គល់ (ថ្នាក់ទី៣ ទំព័រ៣៣) | សុ-ភាក់-មាំង-គល់ |
សុវណ្ណភូមិ | សុ-វាន់-ណៈ-ភូម (ថ្នាក់ទី៣ ទំព័រ២០១) | សុ-វ៉ាន់-ណៈ-ភូម |
រូបភាព
រូបនៅក្នុងគេហទំព័រយើងខ្ញុំត្រូវបានដកស្រង់ចេញពីប្រភព google search។ យើងបានប្រើមុខងាររុករក usage right នៅត្រង់ labelled for reuse ដើម្បីសម្រាំងយករូបដែលមិនបញ្ជាក់អំពីកម្មសិទ្ធិបញ្ញា។
រូបខ្លះត្រូវបានទាញយកពីប្រភព ដែលអនុញ្ញាតឱ្យមានការប្រើដោយសេរី ដូចជា
- https://www.freepik.com/
- https://www.vecteezy.com/
- https://pixabay.com/
- https://www.flaticon.com/
យើងទទួលខុសត្រូវចំពោះការរំលោភសិទ្ធិដោយអចេតនា ដោយការភាន់ច្រលំក្នុងការទាញយករូបមកប្រើប្រាស់ក្នុងគេហទំព័រយើងខ្ញុំ។ ជាបណ្ដើរៗ យើងខ្ញុំនឹងព្យាយាមជំនួសរូបដែលមាននៅក្នុងគេទំព័របច្ចុប្បន្នទៅប្រើប្រាស់រូបដែលកាន់តែច្បាស់ និងទទួលបានសិទ្ធិប្រើប្រាស់ពីម្ចាស់រូបដោយស្របច្បាប់។ យើងសូមអរគុណចំពោះម្ចាស់រូបដែលបានបង្ហោះនៅលើអ៉ីនធឺណិតសម្រាប់ការប្រើប្រាស់ទូទៅទុកជាមុន។ ដោយសេចក្ដីដឹងគុណពីសង្កប្ប អនុវត្តន៍។